ដោយគម្រោងផ្លាស់ប្តូរជាបន្តបន្ទាប់ ជនទុច្ចរិតរិះរកវិធីលួចយកប្រាក់ លួចព័ត៌មានអ្នកប្រើប្រាស់ដោយវិធីហៅទូរស័ព្ទក្លែងបន្លំជាអង្គការរដ្ឋាភិបាល។
រូបថតជាឧទាហរណ៍។
ថ្មីៗនេះ មានមនុស្សជាច្រើនដែលប្រើប្រាស់ទូរស័ព្ទចល័ត បានទទួលលេខទូរស័ព្ទប្លែកៗ ហៅចូល ក្រោយពីលើកទូរស័ព្ទស្តាប់ឮសំឡេងហាក់ដូចជាស្ថានីយកណ្ដាលស្វ័យប្រវត្តិដោយពោល៖ “ក្រសួងព័ត៌មាននិងទូរគមនាគមន៍ ជូនដំណឹងមកលេខទូរស័ព្ទរបស់លោកអ្នកនឹងត្រូវបិទដំណើរការក្នុងរយៈពេល ២ ម៉ោងទៀត។ ចូរចុចលេខ ១ ដើម្បីទទួលបានការណែនាំ”។
ក្នុងករណីមួយចំនួនទៀត លេខទូរស័ព្ទដែលហៅចូលប្រាប់ថាជា “នាយកដ្ឋានសារគមនាគមន៍” ហើយមានខ្លឹមសារសម្លុតបិទស៊ីមកាតប្រហាក់ប្រហែលដូចខាងលើដែរ។
ក្រោយពីចុចចូលតាមសំណូមពរ “បុគ្គលិក ស្ថានីយកណ្ដាល” នឹងណែនាំអ្នកប្រើប្រាស់ផ្ញើព័ត៌មានផ្ទាល់ខ្លួន រួមមានគោត្តនាម អាសយដ្ឋាន លេខអត្តសញ្ញាណប័ណ្ណពលរដ្ឋ ពុំនោះសោត សំណូមពរឱ្យថតរូបផ្ញើទៀតផង។
ដោយបារម្ភខ្លាចបិទលេខទូរស័ព្ទ មានអ្នកខ្លះប្រញាប់ធ្វើតាមការណែនាំ ប៉ុន្តែមិនដឹងថា នោះគឺជាល្បិចបោកប្រាស់ ដើម្បីលួចព័ត៌មានផ្ទាល់ខ្លួន រួចកិបកេងទ្រព្យសម្បត្តិដោយចំនួនទឹកប្រាក់ច្រើន។
យោងតាមមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ បណ្តាញអីុនធឺណិតវៀតណាម (VNCERT/CC) ចំណុះនាយកដ្ឋានសុវត្ថិភាពព័ត៌មាននៃក្រសួងព័ត៌មាននិងទូរគមនាគមន៍ នេះមិនត្រឹមតែការហៅទូរស័ព្ទចូលក្លែងបន្លំប៉ុណ្ណោះទេ ថែមទាំងជាល្បិចបោកបញ្ឆោតលួចព័ត៌មានផ្ទាល់ខ្លួន បម្រើគោលបំណងកិបកេងទ្រព្យសម្បត្តិតែប៉ុណ្ណោះ។ ចំពោះអ្នកដែលដោះដូរជាប្រចាំតាមអនឡាញ ឬវេរប្រាក់តាមរយៈប្រព័ន្ធធនាគារឬកាតអេឡិចត្រូនិកជាដើម។ ផ្តើមពីព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានគណនីដែលដោះដូរនោះ ជនខិលខូចអាចនឹងឆក់ឱកាសកិបកេងទ្រព្យសម្បត្តិដោយរូបភាពផ្សេងៗ។ បច្ចេកទេសហៅទូរស័ព្ទចូលក្លែងបន្លំមិនពិបាកទេ គឺគ្រាន់តែប្រើប្រាស់ឧបករណ៍តាមអីុនធឺណិតប៉ុណ្ណោះ។ ម្យ៉ាងទៀត ជនបោកប្រាស់ថែមទាំងប្រើប្រព័ន្ធ app បង្កើតលេខទូរស័ព្ទក្លែងក្លាយពីបរទេស ដែលបង់ថ្លៃសេវាតែពីរបី USD/ ខែ ដើម្បីទំនាក់ទំនង ទោះបីកន្លែងដែលហៅចូលនៅវៀតណាមក៏ដោយ។ សូម្បីតែសំឡេងសារក៏អាចបង្កើតយ៉ាងងាយដោយផ្នែកទន់កុំព្យូទ័រផងដែរ។ ដើម្បីការពារខ្លួនចំពោះការហៅទូរស័ព្ទចូលបោកប្រាស់ អ្នកប្រើប្រាស់គប្បី មានអារម្មណ៍នឹងនរ មិនត្រូវភ័យខ្លាច ខណៈពេលទទួលការហៅចូលដែលប្រាប់ថាស្ថាប័ន សមត្ថកិច្ច។ ប្រសិនបើមានបញ្ហាដែលត្រូវដោះស្រាយ អង្គការនានាអាចនឹងចាត់អ្នកតំណាង ឬក៏ផ្ញើលិខិតទៅដល់ផ្ទះតែម្តង។ ចំពោះការបិទស៊ីមកាត គឺម្ចាស់សេវាច្រើនផ្ញើសារទៅជាធម្មតា ឬបិទតែម្តង ដោយមិនហៅទូរស័ព្ទទៅជូនដំណឹងនោះទេ។
តាមការព្រមានរបស់ VNCERT/CC ក្រោយពីទទួលបានការហៅទូរស័ព្ទចូលដូចខាងលើ អ្នកប្រើប្រាស់គប្បីហៅទៅកាន់ប្រព័ន្ធទូរស័ព្ទ ១៥៦ ដើម្បីប្រតិកម្មលើការហៅទូរស័ព្ទចូលក្លែងបន្លំ។ ក្នុងករណីដែលបានផ្តល់ព័ត៌មាន ពិសេសគឺទិន្នន័យផ្សេងៗដែលទាក់ទងនឹងប្រព័ន្ធគ្រប់គ្រងប្រាក់កាស ទ្រព្យសម្បត្តិ អ្នកប្រើត្រូវតែប្តូរលេខកូដទាំងស្រុង។
ប្រសិនបើមិនអាចកំណត់ដឹងច្បាស់ទេ អ្នកប្រើប្រាស់អាចនឹងសាកសួរមិត្តភ័កិ្ត ទំនាក់ទំនងផ្ទាល់ទៅម្ចាស់ប្រព័ន្ធសេវា រាយការណ៍ជូនស្ថាប័នសមត្ថកិច្ច ប្រសិនបើឃើញមានអាការៈបោកប្រាស់។ ត្រូវមានស្មារតីនឹងនរ ប្រុងប្រយ័ត្ននិងស្វែងយល់ឱ្យបានច្បាស់លាស់៕
យោង៖ zingnews.vn-ប្រែសម្រួល៖ លីសៀ