ខេត្តកាម៉ាវ បានកំណត់គោលដៅធ្វើឱ្យសុក្រឹត និងពង្រឹងកងជួរអ្នកមានប្រិយភាពឱ្យក្លាយជាកម្លាំងស្នូល ជាស្ពានតភ្ជាប់យ៉ាងរឹងមាំរវាងគណៈកម្មាធិការបក្ស រដ្ឋអំណាច និងជនជាតិភាគតិច; រួមចំណែករក្សាស្ថិរភាពនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិនៅភូមិភាគ។
រយៈពេលកន្លង ការអនុវត្តព្រមៗគ្នានូវគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋនៅកាម៉ាវ បាននាំមកនូវការវិវត្តន៍យ៉ាងសកម្ម រួមចំណែកធ្វើឱ្យផ្លាស់ប្តូរទិដ្ឋភាពតំបន់ជនជាតិភាគតិចយ៉ាងច្បាស់ក្រឡែត។ ឆ្លងតាមរយៈកម្មវិធីគោលដៅជាតិ គម្រោងឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន ជាពិសេសជនជាតិភាគតិច បានកែលម្អជាលំដាប់។

ខេត្តកាម៉ាវ តែងយកចិត្តទុកដាក់ និងថែទាំយ៉ាងពេញលេញនូវគោលនយោបាយសម្រាប់អ្នកមានប្រិយភាពក្នុងជនជាតិភាគតិច។
នៅក្នុងសមិទ្ធផលរួមនោះ កងជួរអ្នកមានប្រិយភាពចំនួន ១៥៨ នាក់ មានតួនាទីយ៉ាងសំខាន់ ជាស្ពានតភ្ជាប់រវាងគណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជន។ កងកម្លាំងអ្នកមានប្រិយភាពបានចូលរួមយ៉ាងសកម្មក្នុងការឃោសនា និងចលនាប្រជាជនអនុវត្តផ្នត់រស់នៅស៊ីវិល័យ អនុវត្តបច្ចេកទេសជឿនលឿនទៅក្នុងការផលិត និងឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។ ទន្ទឹមនឹងនោះ រួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសម្រុះសម្រួលនៅមូលដ្ឋាន និងរក្សាខ្ជាប់សន្តិសុខសណ្តាប់ធ្នាប់។ លោក ពូថាច់វេទ អ្នកមានប្រិយភាពនៅសង្កាត់ហ៊ីបថាញ់ បានឱ្យដឹង៖ “ក្នុងតួនាទីជាអ្នកមានប្រិយភាព និងជាប្រធានគណៈកម្មការវត្តគម្ភីរសាគរព្រែកជ្រៅ ដូច្នេះជារៀងរាល់ខែ ឬថ្ងៃបុណ្យទានប្រពៃណីរបស់ជនជាតិ នៅពេលដែលមាមីងមកវត្ត ខ្ញុំនិងព្រះចៅអធិការវត្ត តែងតែធ្វើការផ្សព្វផ្សាយជាប្រចាំ ដើម្បីមាមីងបានយល់ដឹងកាន់តែច្បាស់អំពីគោលនយោបាយជនជាតិ ក៏ដូចជាគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ តាំងពីនោះ ជួយឱ្យមាមីងយល់ច្បាស់ រស់នៅនិងធ្វើការតាមច្បាប់ អប់រំកូនចៅឱ្យខិតខំរៀនសូត្រ ជៀសឆ្ងាយពីបាបគ្រោះសង្គម និងខិតខំប្រកបរបរចិញ្ចឹមជីវិត ពិសេសគឺមិនជឿតាមការញុះញង់របស់អានុភាពខាងក្រៅដែលបង្កការបំបែកបំបាក់ផែនមហាសាមគ្គីជនជាតិ”។
តាមគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ មុនពេលអនុវត្តគោលការណ៍រៀបចំ និងរួមបញ្ចូលឡើងវិញនូវភូមិ ខណ្ឌ ទូទាំងខេត្តមានអ្នកមានប្រិយភាពចំនួន ១៥៨ នាក់ក្នុងជនជាតិភាគតិច ដែលបែងចែកនៅតាមឃុំ សង្កាត់ចំនួន៣៩។ ក្នុងនោះ អ្នកមានប្រិយភាពជាជនជាតិខ្មែរមាន ១១៦ នាក់ ជនជាតិហ្វា ២១ នាក់ និងជនជាតិកិញ ២១ នាក់។ កងជួរនេះមានសមាសភាពចម្រុះ រួមមាន៖ លេខាសាខាបក្ស ប្រធានភូមិ ប្រធានអនុសង្កាត់ និងកម្មាភិបាលចូលនិវត្តន៍ អ្នកមុខអ្នកការសាសនា និងអ្នកផលិតនិងធ្វើអាជីវកម្មពូកែ ដែលបានពង្រាយតាមតំបន់សំខាន់ៗ។ យោងតាមលោកស្រី ង្វៀងធូទឺ នាយិកាមន្ទីរជនជាតិ និងសាសនាខេត្តកាម៉ាវ នៅពេលអនុវត្តការរៀបចំឡើងវិញនូវភូមិ អនុសង្កាត់ក្នុងខេត្ត បច្ចុប្បន្នមានភូមិ អនុសង្កាត់ចំនួន ១៦៥ នៅក្នុងតំបន់ជនជាតិភាគតិច ខណៈដែលទូទាំងខេត្តទើបតែបានទទួលស្គាល់អ្នកមានប្រិយភាពចំនួន ១៥៨ នាក់ (ខ្វះ៧នាក់ បើប្រៀបនឹងចំនួនភូមិសាស្រ្ត)។ តាមផែនការលេខ ៤៣៦/KH-UBND របស់ខេត្ត គម្រោងនឹងបន្ថែមអ្នកមានប្រិយភាពចំនួន ៧ នាក់ ចូលរួមដោយផ្ទាល់ក្នុងមុខតំណែងនៅមូលដ្ឋាន (រួមមាន៖ លេខាសាខាបក្ស ៥ នាក់, ប្រធានភូមិ អនុសង្កាត់ ២ នាក់ និងប្រធានគណៈកម្មាធិការការងាររណសិរ្ស ១ នាក់)។ នេះនឹងជាកងកម្លាំងស្នូលក្នុងប្រព័ន្ធនយោបាយមូលដ្ឋាន ពង្រីកល្អតួនាទី និងភារកិច្ចក្នុងការនាំយកគោលការណ៍ គោលមាគ៌ា·របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋឱ្យកាន់តែខិតជិត ការរស់នៅរបស់ជនជាតិភាគតិច។
ដំណោះស្រាយព្រមៗគ្នា ដើម្បីពង្រីកតួនាទីជាស្ពានតភ្ជាប់នៅមូលដ្ឋាន
ក្នុងដំណាក់កាល ២០២៦-២០៣០ ខេត្តបានកំណត់ទិសដៅជាបន្តបន្ទាប់គឺ ពង្រឹងនិងលើកកម្ពស់គុណភាពសកម្មភាពរបស់អ្នកមានប្រិយភាពតាមទិសដៅជាក់ស្តែង និងជាគំរូ; ជាជំហានដើម្បីកសាងកងកម្លាំងនេះឱ្យក្លាយជាកម្លាំងស្នូលក្នុងប្រព័ន្ធនយោបាយមូលដ្ឋាន។ ខេត្តនឹងខិតខំដល់ឆ្នាំ ២០៣០ សម្រេចបានគោលដៅ ១០០% ភូមិ អនុសង្កាត់ក្នុងតំបន់ជនជាតិភាគតិចមានអ្នកមានប្រិយភាពចូលរួមក្នុងការឃោសនា និងកៀរគរមហាជន; មាន ១០០% អ្នកមានប្រិយភាពបានផ្តល់ព័ត៌មាន បំប៉នបំណិន និងទទួលបានរបបគោលនយោបាយពេញលេញតាមបទប្បញ្ញត្តិ។ លោក ង៉ោវូវថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានសង្កត់ធ្ងន់៖ ដើម្បីសម្រេចបាននូវគោលដៅខាងលើ ខេត្តបានដាក់ចេញនូវក្រុមភារកិច្ច និងដំណោះស្រាយសំខាន់ៗចំនួន ៥។ ក្នុងនោះ ខេត្តយកចិត្តទុកដាក់ជាពិសេសលើការបណ្តុះបណ្តាលយុវជន អ្នកដែលមានកម្រិតវប្បធម៌ អ្នកផលិតនិងធ្វើអាជីវកម្មពូកែ និងអ្នកមុខអ្នកការសាសនា ដើម្បីធានាបាននូវភាពបន្តវេនដោយចីរភាព។ ជាមួយគ្នានោះ បង្កើនការអនុវត្តគោលនយោបាយ និងលើកកម្ពស់សមត្ថភាពដើម្បីធានាបាននូវរបបគោលនយោបាយពេញលេញនិងទាន់ពេល; ផ្លាស់ថ្មីខ្លឹមសារបំប៉នចំណេះដឹងច្បាប់ បំណិនប្រជាចលនា និងការសម្រុះសម្រួល; ជំរុញខ្លាំងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងផ្លាស់ប្តូរឌីជីថលក្នុងការគ្រប់គ្រង និងការតភ្ជាប់ព័ត៌មាន។

ព្រះចៅអធិការវត្ត រួមជាមួយអ្នកមានប្រិយភាពវត្តគម្ភីរសាគរព្រែកជៅ ខេត្តកាម៉ាវ ធ្វើការឃោសនាគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ជូនដល់មាមីងខ្មែរ។
អាចបញ្ជាក់បានថា អ្នកមានប្រិយភាពមានអត្ថន័យ និងតួនាទីយ៉ាងសំខាន់ ជា "ស្ពានតភ្ជាប់រវាងឆន្ទៈបក្ស ទឹកចិត្តប្រជាជន" ជាកងកម្លាំងឈានមុខក្នុងការឃោសនា និងកៀរគរប្រជាជនឱ្យអនុវត្តគោលការណ៍របស់បក្ស គោលនយោបាល និងច្បាប់របស់រដ្ឋ; សកម្មចូលរួមក្នុងកម្មវិធីគោលដៅជាតិ បន្ថយភាពក្រីក្រដោយចីរភាព និងការកសាងជនបទថ្មី ការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ និងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ៕
យ្វីអាញ - មេងលី